Ads 468x60px

សូមស្វាគមន៌ មកកាន់គេហទំព័រ របស់ខ្ញុំ រីករាយទាំងអស់គ្នានូវការចែករំលែក

Thursday, October 6, 2011

វត្តវិហារសួរ

វត្តវិហារសួរ ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិមួយ ឮកិត្តិនាមពេញប្រទេសកម្ពុជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន កាលនេះ អ្នកផងសឹងបានជ្រាបជាច្រើន។ រៀងរាល់ឆ្នាំក្នុងមួយឆ្នាំៗ តែងមានមហាជនរាប់ពាន់នាក់ ទៅបូជា បែរបន់ តាមប្រាថ្នាផេ្សងៗ ទំាងព្រះរាជាព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តី ក៏បានសេ្តចយាង តែងអញ្ជើញទៅបូជាបួងសួង នៅទីនោះដែរ។

វត្តវិហារសួរ មានដើមកំណើតជាព្រះរាជទ្រព្យ ដែលព្រះរាជាបក្សីចាំក្រុងទ្រង់កសាងទុកជាអនុស្សាវរីយ៍ត្រង់ទីដែល តាគហេ កើនព្រះអង្គឡើងឋានសួគ៌ សឹងមានចែងទុកជាប្រវត្តិនៃព្រះវិហារនោះដូចតទៅ: តាមរបារក្សត្រដែលមានចារិកទុកមកក្នុងព្រះរាជវង្សសាវតាប្រទេសកម្ពុជាថា: "វត្តព្រះវិហារសួរ កើតឡើងក្នុង រជ្ជកាលទី១៩ រជ្ជកាលព្រះបាទបក្សីចាំក្រុង ជាព្រះរាជាប្រទេសកម្ពុជា គង់នៅនគរវត្ត ក្នុងព.សរវាង១៥៧២ គ.សរវាង១០២៨ ឬ២៩ ព្រះអង្គបានផ្តើមកសាងទុកជាអនុស្សាវរីយ៍រំលឹកដល់ពេលព្រះអង្គរត់គេចពីកងទ័ព ជាមួយ តាគហេ"។

រឿងរ៉ាវដើមហេតុនាំឲ្យមានរត់គេចពីកងទ័ពនេះ មានដំណាលថា កាលដែលព្រះបាទចក្រពត្រ ព្រះរាជាប្រទេសកម្ពុជា រជ្ជកាលទី១៦ ទ្រង់ព្រះទិវង្គតទៅ បុរសម្នាក់ឈ្មោះដំបងគ្រញូងមានមហិទ្ធិឬទ្ធិខ្លាំងពូកែ បានសោយរាជ្យជា រជ្ជកាលទី១៧ ឡើងឲ្យបង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុន។

កាលនោះមានព្រះម្នាងម្នាក់ទ្រង់ព្រះគ៌តពុំទាន់គ្រប់ខែ ភាសខ្លួនជារាស្រ្តសាមញ្ញចេញទៅស្រុកក្រៅ សំណាក់ជាមួយ តាគហេ និង យាយលាក់ ជាស្វាមីភរិយា។ លុះព្រះគ៌តគ្រប់ខែ១០ ក៏សម្ភពព្រះរាជបុត្រាមួយព្រះអង្គប្រកបដោយ លក្ខណៈល្អមានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្ត និងបាតព្រះបាទ តាគហេ និង យាយលាក់ ស្រលាញ់ណាស់ ថ្នាក់ថ្នមដូចកូនបង្កើត។

ថៃ្ងមួយតាយាយ និងព្រះម្នាងទៅច្រូតស្រូវ បានផេ្តកព្រះរាជកុមារក្រោមម្លប់ឈើមួយដើម លុះកំដៅថៃ្ងចាំងមក ត្រូវព្រះរាជកុមារ មានបក្សីមួយមកកាងស្លាបក្រុងបាំងពីលើ មិនឲ្យត្រូវថៃ្ង។

តាគហេស្មានថាសត្វចឹកចៅរត់ទៅមើល បក្សីនោះហើរទៅបាត់ទៅ។ តាគហេនឹកសរសើរថា កូននេះមានបុណ្យ អស្ចារ្យណាស់ក៏ថ្វាយព្រះនាមថា "បក្សីចាំក្រុង"។

តមកកាលពីព្រះបាទព្រហ្មកិល (ពញាក្រែក) រជ្ជកាលទី១៨ ទ្រង់សោយរាជ្យឡើងទ្រង់បានជ្រាបទំនាយតាម ពួកហោរាទាយថា "មានអ្នកមានបុណ្យកើតក្នុងត្រកូលក្សត្រ បានព្រះជន្ម៧ឆ្នាំហើយ ភាសន៍ខ្លួនជាប្រជារាស្រ្តក្នុង អាណាចក្រនេះ អ្នកមានបុណ្យនោះ មានកងចក្រនៅបាតដៃ បាតជើង" ទ្រង់ក៏យកកេ្មងៗអាយុ៧ឆ្នាំ ដែលមាននៅ ក្នុងព្រះនគរទាំងប៉ុន្មានមកផ្តិតដៃនៅលើម្សៅក្នុងចងេ្អរ ដើម្បីទ្រង់ពិនិត្យរកកងចក្រ តាគហេ ភ័យក៏ពរបក្សីចាំក្រុងរត់ចេញ។ ព្រះរាជាទ្រង់ចាត់ទ័ពតាមចាប់។

ហេតុតែបុណ្យបរមីបក្សីចាំក្រុង កងទ័ពដេញតាមពុំទាន់ រកពុំឃើញ។ តាគហេបានបញ្ជិះបក្សីចាំក្រុងលើស្មា ដើរកាត់ព្រៃទៅផ្ទះគាត់ ដល់ផ្ទះហើយ គាត់ទូលបក្សីចាំក្រុងថា "បាគង់នៅទីនេះចុះ ចាំតាទៅកៀរគោបញ្ចូល ក្រោលសិន"។ ហើយគាត់ចោលដំបងដេញគោ ដំបងបាត់ក្នុងទឹកអូររកពុំឃើញ បានជាអូរនោះឈ្មោះថា "អូរដំបង" នៅក្នុងខេត្តបាត់ដំបងសព្វថៃ្ងនេះ ។

បន្ទាប់ពីនេះ តាគហេ ពរបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួលមួយមានដើមរលួសម្លប់ត្រឈៃល្អ ក៏ឈប់សំរាកដេក នៅទីនោះបានជាទីនោះហៅថា "ភូមិរលួស" នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប សព្វថៃ្ងនេះ។ តពីនោះតាគហេ និងបក្សីចាំក្រុង ដោយសារទូក គេឆ្លងកាត់ទីទំនាបទឹក មកដល់ខេត្តជើងព្រៃ កងទ័ពលើកតាម មកជិតទាន់ តាគហេក៏នាំបក្សីចាំក្រុងវេះពួនក្នុងព្រៃ វេលាយប់ព្រៃនោះមានមូសច្រើនបក្សីចាំក្រុងបួងសួងថា "បើខ្ញុំ មានបុណ្យ សូមកុំឲ្យមានមូសនៅទីនេះ" ដោយអនុភាពព្រះរាជកុមារ មូសក៏បាត់អស់ទៅ ទើបទីនោះមានឈ្មោះថា "ទួលគហេ" ក្នុងតំបន់រកាកោង ស្រុកមុខកំពូលខេត្តកណ្តាលសព្វថៃ្ងនេះ។

លុះព្រឹកឡើង តាគហេ ក៏នាំបក្សីចាំក្រុងរត់ទៅទៀត ដល់មាត់ទនេ្លប្រុងនិងឆ្លងទៅត្រើយខាងត្បូងតែរកទូកឆ្លងគ្មាន បក្សីចាំក្រុងផ្សងបារមីថា "បើខ្ញុំត្រូវបានសោយរាជ្យហើយបានទំនុកបំរុងពុទ្ធសាសនាមែន សូមឲ្យដើមរការនៅត្រើយ ខាងជើងកោងទៅដើមល្វានៅត្រោយខាងត្បូងទេរមក" ដើមឈើទាំងពីរនោះក៏កោងទៅទេមក ដូចប្រណិធាន។ តាគហេក៏ពរបក្សីចាំក្រុងឆ្លងតាមឈើទាំងពីរនោះរួចទៅ ដើមទាំងពីរក៏ឡើងដូចដើមវិញ ទើបត្រើយខាងជើងមាន ឈ្មោះថា "រការកោង" នៅស្រុកមុខកំពូល ខេត្តកណ្តាល។

ត្រើយខាងត្បូងមានឈ្មោះថា "ល្វាទេ" នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមសព្វថៃ្ងនេះ។លុះតាគហេនាំរត់ទៅត្រើយខាងត្បូង ដល់ទួលមួយ ប្របឆេ្នរបឹងបានកាប់មែកជ្រៃដោតធ្វើសម្របសំរាប់ស្រប់សំរាក កំលាំងនៅទីនោះ បក្សីចាំក្រុង ក៏និន្រ្ទាលក់ក្រោមម្លប់សម្របនោះ។ កំពុងតែលក់ស្រួល ស្រាប់តែហ្វូងសត្វត្រដក់ រនៀលទង់ ជាច្រើនដែលចុះរកស៊ីក្នុងបឹងនោះ វាផ្អើលអ៊ូរឡើងឭសន្ធឹក ជាខ្លាំង តាគហេឮសព្ទនោះ ស្មានថាកងទ័ព ក៏ស្ទុះតើនព្រះរាជកុមារឡើងសួរថា "នែចៅ! ឭសូរអ្វីខ្លាំងម៉េ្លះ"។ ព្រះរាជកុមារតើនឡើងភ័យណាស់ស្មានថាកងទ័ព ក៏ស្ទុះឡើងមែកជ្រៃ ដែលដោតធ្វើសម្របនោះឈរមើលគ្រប់ទិសទី មិន ឃើញកងទ័ព ឃើញតែសត្វហើរដេរដាស់ក៏បាត់ភ័យទៅវិញ មែកឈើនោះរស់នៅរៀងដរាបមក នៅខាងត្បូងវត្តវិហារសួរ សព្វថៃ្ងនេះ។ លំដាប់ពីនោះ តាគហេនាំបក្សីចាំក្រុងរត់ឆ្លងទនេ្លដោយទូកទៅត្រើយខាងលិច ទៅពួន ក្នុងគុហាភ្នំប្រសិទ្ធិខេត្តសំរោងទងចាស់ ដែលជាស្រុកពញាឭ ខេត្តកណ្តាល សព្វថៃ្ងនេះ។ កងទ័ពតាមទៅបៀតបៀន ពុំបានឡើយ។

លុះព្រះបាទព្រហ្មកិល "ពញាក្រែក" សោយរាជ្យបាន២០ឆ្នាំ ទ្រង់ចូលទីវង្គត់ទៅ នាម៉ឺនសព្វមុខមន្រ្តីដឹងថា បក្សីចាំក្រុង រាជកុមារមានបុណ្យអស្ចារ្យគង់នៅភ្នំប្រសិទ្ធិ៍ក៏អញ្ជើញទ្រង់ មកសោយរាជ្យសម្បត្តិតទៅ។ កាលបើបក្សីចាំក្រុងរាជកុមារបានសោយរាជ្យឡើង ទ្រង់តាំងតាគហេ និង យាយលាក់ ជាព្រះអយ្យកោ ព្រះអយ្យកាធម៌។ ទ្រង់ឲ្យសាងប្រាសាទមួយត្រង់ទីដែលឃើញទង់ជ័យវែងលលៃ នៃកងទ័ពដែលលើកដេញតាម ដំបូងហៅថា "ប្រាសាទលលៃ" ទ្រង់ឲ្យសង់ប្រាសាទមួយត្រង់តាគហេហៅថា បាគងសិន ហៅថា "ប្រាសាទបាគង់" ដែលក្លាយមកជាប្រាសាទបាគង នៅ ខេត្តសៀមរាបសព្វថៃ្ងនេះ។

ទង់ឲ្យសាងប្រាសាទមួយទៀតនៅក្រោល គោរបស់តាគហេ ហៅថា ប្រាសាទបាគោ ខេត្តសៀមរាបសព្វថៃ្ងនេះ ទ្រង់ឲ្យសាងព្រះវិហារមួយ និងព្រះពុទ្ធ បាទមួយនៅអាសន្នទុក្ខ លើកតាម៊ឹងជាចៅហ្វាយស្រុករក្សាទីនោះ។ ទ្រង់ឲ្យសាងវិហារមួយតំកល់ព្រះពុទ្ធបដិមាមួយ ព្រះអង្គត្រង់ទី ដែលដោតមែកជ្រៃធ្វើសម្រប គឺទីដែលតាគហេតើនទ្រង់សួរពីសព្ទហ្វូងសត្វស្មានថាកងទ័ពនោះ ហៅថា "វត្តវិហារសួរ" ទើបមាននាមថា"វត្តវិហារសួរ" ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិដរាបមកដល់សព្វថៃ្ងនេះ។ ឯតាគហេ និង យាយលាក់នោះ លុះចាស់ជរា ទទួលមរណភាពតាមលំដាប់គ្នាទៅព្រះរាជាទ្រង់ឲ្យធ្វើបុណ្យរំលាយ សពហើយទ្រង់ឲ្យយកធាតុតាគហេ នៅបញ្ចុះនៅទីដែលផ្សងមិនឲ្យមានមូស ទើបទីនោះមានឈ្មោះថា "ទួលគហេ" នៅតំបន់រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាលសព្វថៃ្ងនេះ ឯធាតុយាយលាក់ ទ្រង់ឲ្យយកទៅបញ្ចុះនៅ ប្រាសាទបាគោ ក្នុងខេត្តសៀមរាប ព្រោះភូមិនោះជាទីភូមិរបស់គាត់រស់នៅ។

0 comments:

Post a Comment

Comment Back