Ads 468x60px

សូមស្វាគមន៌ មកកាន់គេហទំព័រ របស់ខ្ញុំ រីករាយទាំងអស់គ្នានូវការចែករំលែក

Thursday, October 6, 2011

ប្រវត្តិព្រះថោង

ព្រះថោងនិងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលទទួលការតែងតាំងអោយមានឋានន្ដរសក្ដិ និងមាន កតព្វកិច្ចរៀងៗខ្លួន អោយទៅត្រួត្រាស្រុកនគរប្រទេសផ្សេងៗ
* ព្រះវិរោជ, បុត្រច្បង ទទួលមុខងារ ជាមហាអុបរាជ
* ព្រះហរិរាជ, ជាកែវហ្វារ
* ព្រះបរមន្ទិរាជ ត្រូវទៅគ្រប់គ្រងស្រុកមង្គលបូរី
* ព្រះឧទ័យរាជា, ស្រុកធនបូរី
* ព្រះនរិន្ទរាជា, ស្រុកសាវាងបូរី
* ព្រះវិជៀនរាជ, ស្រុកគំដែងបូរី
* ព្រះសាហរាជ, ស្រុកបូរីរ៉ាម
* ព្រះភិរុណរាជ, ស្រុកបស្ចឹមបូរី
* ព្រះពិជិតរាជ, ស្រុកពិជិតបូរី
* ព្រះសុវណ្ណរាជ, ស្រុកសុវណ្ណលោក
* និង ព្រះពិពិតរាជ, ស្រុកពិស្នុលោក។
ព្រះថោង ព្រះបាទកុមេរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន៧៧ឆ្នាំ។ ព្រះអង្គបានចូលទីវង្គត នៅឆ្នាំរកា
ក្នុងព្រះជន្ម ១២២ព្រះវស្សា។

កំណត់
១) ប្រវត្ដិព្រះថោងនាង និងទំនៀមទំលាប់ បានផ្តិតជាប់គ្នាជានិច្ច ក្នុងប្រវត្ដិសង្គមជាតិខ្មែរ។ ទោះក្រោយៗមក ខ្មែរ មិនបានដឹង មិនបានយល់ក៏ដោយ ក៏ខ្មែរនៅគោរព និងអនុវត្ដ លុះទៅតាមប្រពៃណី ពេញលក្ខណៈដែរ ដូចជា នៅក្នុង ពិធីរៀបអាពាហ៍ពិពាហ៍ មង្គលការ គឺគេរក្សាទំនៀមទំលាប់នេះ តាំងពីសម្លៀកបំពាក់ របៀបរៀបចំ ចំរៀងភ្លេងតន្រ្ដី រហូតដល់ គ្រប់ពិធី មានសូត្រមន្ដព្រះបរិត្ដ ពិធីសែនព្រេន បួងសួងបន់ស្រន់ អញ្ជើញឥន្រ្ទព្រហ្ម ទេពតា អារុក្ខអារក្ស អ្នកតា និងវិញ្ញាណសក្តិសិទ្ធិ អោយមកចងដៃនិងជូនពរជ័យ សព្វសាធុការ បាចផ្កាស្លា កូនកម្លោះក្រមុំ ព្រមទាំងពិធី តោងស្បៃកូនក្រមុំ ជាដើម៘។ ឯបទភ្លេងចំរៀងទាំងអំបាលប៉ុន្មាន សុទ្ធតែរំលឹកពីឈ្មោះ ព្រះថោងនាងនាគ ជាហូរហែ ឥតមានចន្លោះ។ ឯគ្រឿងតូរ្យដន្រ្ដីខ្លះ ដូចជាតាខេ មានរូបរាងដូចក្រពើ ឬ ត្រកួត។ ចំែណកក្រឡាហូល ឬខៀន ដែលកូនក្រមុំ ស្លៀកពាក់លំអកាយនោះ គឺហូលមានក្រឡាជាស្រកានាគ ដូចសំលៀកពស្រ្តា របស់នាងនាគ ដែលជា មហេសី របស់ព្រះថោងនោះឡើយ។

ដូច្នេះ នៅក្នុងទស្សនៈខ្មែរ ព្រះថោងនាងនាគ បានក្លាយទៅជានិមិត្ដរូប នៃការបង្កបង្កើតក្រុមគ្រួសារ កូនចៅ បន្ដវង្សក្រកូល ដ៏សំបូរសប្បាយ។ ែបរមកផ្នែកអក្សរសាស្រ្ដវិញ យើងសង្កេតឃើញ មានរឿងព្រេងច្រើនណាស់ ដែល ដំណាលរៀបរាប់និទានអំពីក្រពើ ឬត្រកួត ព្រះថោង ដែលជាជីតារបស់ខ្មែរយើងនេះ។ រឿងព្រេងដែលនិទាន អំពីក្រពើ មានវត្ដមាននៅគ្រប់ទិសទី ក្នុងគ្រប់ខេត្ដខ័ណ្ឌទឹកដីខ្មែរ ប៉ុន្ដែរូបភាពក្រពើ ត្រូវបានខ្មែរជំនាន់ថ្មី យល់ច្រលំជាតំណាង រូបភាពអាក្រក់ តំណាងមនុស្សអកតញ្ញូ រមិលគុណ ពីព្រោះ គេតែងនិយម និយាយជាប់មាត់ ថា "អាក្រពើវង្វេងបឹង"។
បើយើងចាប់វិភាគសាជាថ្មី នោះយើងឃើញថា គេចង់ចង្អុលបញ្ជាក់ទៅលើខ្មែរ ដែលភ្លេចដើមកំណើតខ្លួនជាខ្មែរ ភ្លេចស្រុកកំណើត ភ្លេចមុខមាត់ព័ណ៌សំបុរខ្លួនជាខ្មែរ ភ្លេចភាសាវប្បធម៌ខ្លួនជាខ្មែរ ហើយយកវប្បធម៌ អរិយធម៌បរទេស ជាត្រីមុខ។ ដូច្នេះ ពាក្យថា ក្រពើ មិនមែនមានន័យថា អាក្រក់នោះទេ ជាពិសេស បើក្រពើនោះ នៅនឹករលឹក នៅស្គាល់គុណបឹង ស្រឡាញ់បឹង ដែលខ្លួនធ្លាប់ស្នាក់អាស្រ័យរស់នៅ។

តាមចំលាក់បូរាណ លើប្រាង្គប្រាសាទនានា គេសង្កេតឃើញមានរូបក្រពើ ឬ ត្រកួត ដែលជាតំណាងព្រលឹងខ្មែរ ជាច្រើនហូរហែ។ រូបក្រពើនោះ ជួនត្រូវគេចាក់កាប់សំលាប់ ជួនជាតួទូកដែលគេនាំគ្នាជិះពីលើ។ បន្ថែមពីលើនោះទៀត នៅតាមព្រះវិហារ ឬ នៅពេលមានមនុស្សធ្វើមរណៈភាព ខ្មែរតែងតែដោត "ទង់ព្រលឹង" ឬ ទង់ក្រពើ ជានិមិត្ដរូប តំណាងព្រះថោង មានន័យថា ព្រះថោងជាព្រលឹងនៃជាតិខ្មែរ ដែលខ្មែរតែងរំលឹក គោរពបូជា ប្រណិបត្ដិ ដោយមិនដឹងប្រវត្តិ។ ឯរូបសំណាកនាងគង្ហីង ឬ នាងធរណី និង ក្រពើនោះ គ្មាននរណា ក្រៅអំពី ព្រះថោងនាងនាគ ឡើយ។ ក្នុងទស្សនៈខ្មែរ យើងទុកនាងគង្ហីង ព្រះធរណីជាព្រះមេ ឬ ជាអ្នកមានគុណ។ សូម្បីតែក្នុងព្រះពុទ្ធសាសនា នៅកម្ពុជា ក៏បានបញ្ចូលព្រះនាងនាគ ឬ នាងគង្ហីង និងក្រពើ ក្នុងជំនឿសាសនា ក្នុងការគោរពជាតួអង្គ ការពារ ព្រះពុទ្ធ ដើម្បីផ្ចាញ់មារដែរ។

២) រីឯទឹកដីខ្មែរវិញ កាលជំនាន់ព្រះថោង ក៏មានវិសាលភាពទូលំទូលាយ ដោយមានជនជាតិសាសន៍ផ្សេងៗ ពីប្រទេសជិតឆ្ងាយ បាននាំគ្នាមករស់នៅកុះករ ក្សេមក្សាន្ដ សុខសន្ដិភាព និងសំបូរសប្បាយ។ ការរៀបចំស្រុកទេស អោយមានរចនាសម្ព័ន្ធ ក៏ចាប់ផ្ដើមជាបន្តបន្ទាប់ដែរ។ ព្រះពុទ្ធសាសនាក៏បានចូលជ្រួតជ្រាប មានប្រជាពលរដ្ឋ គោរព កាន់យក ពេញនគរ។ មិនតែប៉ុណ្ណោះ ព្រះបាទកុមរាជធ្លាប់បានធ្វើសារ ថ្វាយទៅស្ដេចកោះសេរីលង្កា សុំអោយព្រះអង្គ ចម្លងព្រះត្រៃបិដក និងធម្មវិន័យព្រះពុទ្ធសាសនា មកចែកចាយនៅប្រទេសខ្មែរ។ ពេលនោះ អ្នកប្រាជ្ញព្រាហ្មណ៍ ឈ្មោះ ប្រទេសរាជ ត្រូវបានស្ដេចកោះសេរីលង្កា បញ្ជូនអោយមក ជួយរៀបចំកិច្ចការទឹកដី នគរគោកធ្លក។

៣) ឯកសារខ្មែរមួយចំនួន លើកលែងតែពង្សាវតារសម្តេចវាំងជួនចេញ បានកត់ត្រាថា ព្រះថោង ឬព្រះបាទកុមេរាជ និង ព្រះបាទទេវង្សអស្ចារ្យ ជាតួអង្គ ព្រះមហាក្សត្រខ្មែរតែមួយ។

៤ -ព្រះថោង ឬព្រះបាទកុមេរាជ ក៏ជាព្រះបាទហ៊ុនទៀនដែរ។ កាលនោះ ក្នុងសតវត្សទី៣ នៃគ្រិស្ដសាសនា អ្នកដំណើរចិនម្នាក់ឈ្មោះក្វាន់តៃ សរសេរថា ស្ដេចឥណ្ឌាមួយព្រះអង្គព្រះនាមហ៊ុនទៀន បានធ្វើដំណើរតាមសំពៅ ទៅនគរហ្វូណន (ជាឈ្មោះដែលចិនហៅប្រទេសខ្មែរ) ហើយបានច្បាំងឈ្នះ ព្រះនាងលីវយី ដែលជាស្ដេចស្រីនៅទីនោះ ដោយបាញ់ព្រួញទិព្វ ទំលុះទូកព្រះនាងលីវយី អោយធ្លាយលិចក្នុងទឹក រហូត ព្រះនាងសុំចុះចាញ់។ ចំណែកព្រះបាទ ហ៊ុនទៀន វិញ ក៏បានអភិសេកព្រះនាងលីវយី ជាអគ្គមហេសី សោយរាជសម្បត្ដិ នៅនគរហ្វូណន តរៀងរហូតមក។

៥) បើតាមសិលាចារិក នៅក្នុង ពស៦៥៨ ព្រះមហាក្សត្រខ្មែរទី១ មានព្រះនាម កៅឌិញ្ញ ដូច្នោះព្រះថោង ក៏មានព្រះនាម កៅឌិញ្ញដែរ។ សិលាចារិកនោះ បានបញ្ជាក់ថា ព្រះអង្គ បានទទួលលំពែងមួយជាចំណងដៃ ពីព្រាហ្មណ៍ អសវត្ថាមន សំរាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំ នគរគោកធ្លក ដែលជាស្រុកខ្មែរ សព្វថ្ងៃនេះ។ បន្ទាប់មក ព្រះកៅឌិញ្ញ ត្រូវបានរៀបអភិសេកជាមួយព្រះនាងសោមា ដែលត្រូវជាបុត្រីរបស់ភុជង្គនាគ។

ដូច្នេះ, យើងឃើញថា ដើមកំណើតដំបូងរបស់ខ្មែរ មានលក្ខណៈស្រពិចស្រពិលជាច្រើន។ តែអ្វីដែល យើងឃើញមាន សេសសល់ ជាទំនៀមទំលាប់ ប្រពៃណី អក្សរសាស្រ្ដ, និង ជារូបចំលាក់ គង់វង្ស រហូតមកដល់សព្វថ្ងៃ គឺព្រះថោងនាងនាគ ដែលជានិមិត្ដរូបនៃគ្រួសារវង្សត្រកូល ក្សេក្សាន្តសុភមង្គល ក្នុងប្រទេសខ្មែរ។

0 comments:

Post a Comment

Comment Back